ព្រះត្រៃបិដក ភាគ ៨១
វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅថា ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ អធិប្បាយត្រង់ពាក្យថា ហេតុជាទីកើតឡើងនៃធម៌ទាំងនុ៎ះ រមែងមានដោយប្រការដូច្នេះ ដូចតទៅនេះ។ ការជួបជុំ ការមូលមក ការប្រជុំចុះ ការកើតប្រាកដ នៃធម៌ទាំងនុ៎ះ រមែងមានយ៉ាងនេះ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃធម៌ទាំងនុ៎ះ រមែងមានដោយអាការយ៉ាងនេះឯង។
ចប់ កុសលនិទ្ទេស។
[១១៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងព្រោះភាពនៃកាមាវចរកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647399297390788
ទៅកាន់ទំព័រ៖