ព្រះត្រៃបិដក ភាគ ៨២
[៦០] បណ្តាញាណទាំងនោះ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំ តើដូចម្តេច។ បញ្ញាក្នុងកាមាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងការមិនសន្សំ មិនមែនក្នុងការសន្សំ។ បញ្ញាក្នុងរូបាវចរកុសល និងអរូបាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំផង ក្នុងការមិនសន្សំផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងការសន្សំ ទាំងមិនមែនក្នុងការមិនសន្សំ។
[៦១] បណ្តាញាណទាំងនោះ បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង តើដូចម្តេច។ បុគ្គលជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ដោយបញ្ញាណា តែមិនត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ ទាំងមិនត្រាស់ដឹងនូវសច្ចៈទាំងឡាយទេ នេះហៅថា បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង។ បុគ្គលនោះ កាលបើប្រាសចាកតម្រេកក្នុងកាមទាំងឡាយហើយ រមែងត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ តែមិនត្រាស់ដឹងនូវសច្ចៈទាំងឡាយដោយប្រាជ្ញា នេះហៅថា បញ្ញាក្នុងការត្រាស់ដឹង មិនមែនក្នុងសេចក្តីនឿយណាយ។
ID: 637648288403989042
ទៅកាន់ទំព័រ៖