ព្រះត្រៃបិដក ភាគ ៨២

បញ្ញា​ក្នុង​ឈាន ២ ឈ្មោះថា បីតិ​ផរណ​តា បញ្ញា​ក្នុង​ឈាន ៣ ឈ្មោះថា សុខ​ផរណ​តា បញ្ញា​ផ្សាយ​ទៅ​ក្នុងចិត្ត​នៃ​បុគ្គល​ដទៃ ឈ្មោះថា ចេ​តោ​ផរណ​តា ទិព្វចក្ខុ ឈ្មោះថា អាលោក​ផរណ​តា បច្ច​វេ​ក្ខ​ណា​ញាណ របស់​បុគ្គល​ដែល​ចេញ​ចាក​សមាធិ​នោះ ៗ ឈ្មោះថា បច្ច​វេ​ក្ខ​ណា​និមិត្ត។ នេះ​ហៅថា សម្មាសមាធិ ប្រកបដោយ​អង្គ ៥។
 [៦៨] បណ្តា​ញាណ​ទាំងនោះ សម្មាសមាធិ ប្រកបដោយ​ញាណ ៥ តើ​ដូចម្តេច។ ញាណ​កើតឡើង​ជាក់ច្បាស់​ថា សមាធិ​នេះ មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ផង មាន​សេចក្តី​សុខ​ជា​វិបាក​ក្នុង​ខាងមុខ​ផង ១ ញាណ​កើតឡើង​ជាក់ច្បាស់​ថា សមាធិ​នេះ​ប្រសើរ មិន​មាន​អាមិសៈ ១ ញាណ​កើតឡើង​ជាក់ច្បាស់​ថា សមាធិ​នេះ​មិនមែន​បុរស​លាមក​សេព​ឡើយ ១ ញាណ​កើតឡើង​ជាក់ច្បាស់​ថា សមាធិ​នេះ ជា​ធម៌​ស្ងប់​ដ៏​ឧត្តម បាន​នូវ​សេចក្តី​ស្ងប់​រម្ងាប់ បាន​នូវ​ភាព​នៃ​ចិត្ត​ដ៏​ខ្ពស់​ឯក តែ​មិនដល់​នូវ​ការសង្កត់សង្កិន (ធម៌​ជាស​ត្រូវ) និង​ការរារាំង (កិលេស) ដោយចិត្ត​ដែល​ប្រកបដោយ​សង្ខារ គឺ​ព្យាយាម ១ ញាណ​កើតឡើង​ជាក់ច្បាស់​ថា អាត្មាអញ​នោះ​មានស្មារតី ចូលកាន់​សមាធិ​នេះ មានស្មារតី ចេញ​ចាក​សមាធិ នេះ ១។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637648290993988094
ទៅកាន់ទំព័រ៖