ព្រះត្រៃបិដក ភាគ ៨២
នេះឈ្មោះថា សម្មាសមាធិ ប្រកបដោយញាណ ៥។
ញាណវត្ថុ មានប្រការ ៥ យ៉ាងនេះឯង។
[៦៩] បណ្តាញាណទាំងនោះ បញ្ញាក្នុងអភិញ្ញា ៦ តើដូចម្តេច។ សេចក្តីដឹងក្នុងចំណែកនៃឫទ្ធិ ១ សេចក្តីដឹងក្នុងសោតធាតុដ៏បរិសុទ្ធិ ១ សេចក្តីដឹងក្នុងការកំណត់ចិត្តរបស់សត្វដទៃ ១ សេចក្តីដឹងប្រកបដោយការរឭកឃើញនូវខន្ធរបស់សត្វដទៃ ដែលនៅអាស្រ័យក្នុងកាលមុន ១ សេចក្តីដឹងក្នុងការច្យុតិ និងការកើតរបស់សត្វទាំងឡាយ ១ សេចក្តីដឹងក្នុងការអស់អាសវៈទាំងឡាយ ១ នេះឈ្មោះថា បញ្ញាក្នុងអភិញ្ញា ៦។
ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។
[៧០] បណ្តាញាណទាំងនោះ ញាណវត្ថុ ៧៧ តើដូចម្តេច។ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១
ID: 637648291407424929
ទៅកាន់ទំព័រ៖