ព្រះត្រៃបិដក ភាគ ៨២
ញ៉ាំងព្រះលោហិតរបស់ព្រះតថាគតឲ្យកើតឡើងដោយចិត្តប្រទូស្ត។បេ។ បំបែកសង្ឃ។បេ។ ឧទ្ទិសនូវគ្រូដទៃ។បេ។ ធ្វើភពទី ៨ ឲ្យកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងញ៉ាំងភពទី ៨ ឲ្យកើត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តី បានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះ ទើបមាន។
ID: 637648292625706144
ទៅកាន់ទំព័រ៖