ព្រះត្រៃបិដក ភាគ ៨២
ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តីបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្ត្រីបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលវិបាករបស់កាយទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។
ID: 637648292901487471
ទៅកាន់ទំព័រ៖