ព្រះត្រៃបិដក ភាគ ៨២
ចុះអនុសយៈរបស់ពួកសត្វ តើដូចម្តេច។ អនុសយៈ ៧ គឺ កាមរាគានុសយៈ ១ បដិឃានុសយៈ ១ មានានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ ភវរាគានុសយៈ ១ អវិជ្ជានុសយៈ ១។ ឥដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ រាគានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងឥដ្ឋារម្មណ៍នោះ អនិដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពមិនគួរស្រឡាញ់ មានសភាពមិនគួរត្រេកអរ បដិឃានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងអនិដ្ឋារម្មណ៍នោះ ព្រោះហេតុនោះ អវិជ្ជារមែងធ្លាក់ចុះតាម ក្នុងធម៌ទាំងពីរនេះ មានះក្តី ទិដ្ឋិក្តី វិចិកិច្ឆាក្តី បុគ្គលគប្បីឃើញថា តាំងនៅក្នុងទីជាមួយគ្នានឹងអវិជ្ជានោះ នេះឈ្មោះថា អនុសយៈរបស់ពួកសត្វ។ ចុះចរិតរបស់ពួកសត្វ តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ មានជាន់តូចតាចក្តី មានជាន់ធំដុំក្តី នេះឈ្មោះថា ចរិតរបស់ពួកសត្វ។ ចុះអធ្យាស្រ័យរបស់ពួកសត្វ តើដូចម្តេច។ ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោកទាប រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា
ID: 637648295237893740
ទៅកាន់ទំព័រ៖