ព្រះត្រៃបិដក ភាគ ៨២

ពួក​សត្វ​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ រមែង​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ដូចគ្នា សូម្បី​ក្នុង​អតីតកាល ពួក​សត្វ​មាន​អធ្យាស្រ័យ​ថោកទាប បាន​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិត​ហើយនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ដូចគ្នា ពួក​សត្វ​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ បាន​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិត​ហើយនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ដូចគ្នា សូម្បី​ក្នុង​អនាគតកាល ពួក​សត្វ​មាន​អធ្យាស្រ័យ​ថោកទាប នឹង​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ដូចគ្នា ពួក​សត្វ​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ នឹង​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ដូចគ្នា នេះ​ឈ្មោះថា អធ្យាស្រ័យ​របស់​ពួក​សត្វ។ ចុះ​ពួក​សត្វ មាន​ធូលី​ច្រើន​ក្នុង​ភ្នែក​នោះ តើ​ដូចម្តេច។ កិលេស​វត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ អនោត​ប្បៈ កិលេស​វត្ថុ​ទាំង ១០ នេះ ពួក​សត្វ​ណា បាន​សេពគប់ បាន​អប់រំ បាន​ធ្វើឲ្យ​ច្រើន បាន​ធ្វើឲ្យ​ដុះដាល​ហើយ ពួក​សត្វ​នោះ ឈ្មោះថា មាន​ធូលី​ច្រើន​ក្នុង​ភ្នែក។ ពួក​សត្វ​មាន​ធូលី​តិច​ក្នុង​ភ្នែក​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637648295442424865
ទៅកាន់ទំព័រ៖