ព្រះត្រៃបិដក ភាគ ៨២

ព្រះ​តថាគត មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា រមែង​ឃើញ​ពួក​សត្វ​ដែល​ច្យុត ដែល​កើត ជា​សត្វ​ថោកទាប ខ្ពង់ខ្ពស់ មាន​វណ្ណៈ​ល្អ មាន​វណ្ណៈ​អាក្រក់ មាន​គតិ​ល្អ មាន​គតិ​អាក្រក់ ក៏​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម (របស់​ខ្លួន) ដោយ​ប្រការ​ដូច្នេះ។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​ច្យុតិ និង​ការ​កើត របស់​ពួក​សត្វ។
 [៨២] បណ្តា​ញាណ​ទាំងនោះ ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ តើ​ដូចម្តេច។ ព្រះ​តថាគត​ក្នុង​លោក​នេះ ព្រោះ​ការ​អស់​ទៅ​នៃ​អាសវៈ ក៏​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួន ក្នុង​បច្ចុប្បន្ន ហើយ​សម្រេចសម្រាន្ត​នៅ។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ។

ចប់ ញាណ​វិភង្គ។

ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637648297433987946
ទៅកាន់ទំព័រ៖