ព្រះត្រៃបិដក ភាគ ៨២
[១០២] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏លាមក តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានសទ្ធា ជាអ្នកទ្រុស្តសីល ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានសីល ជាអ្នកចេះដឹងតិច ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកចេះដឹងច្រើន ជាអ្នកត្រេកអរក្នុងការច្របូកច្របល់ដោយពួក ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកស្ងប់ស្ងាត់ ជាអ្នកខ្ជិលច្រអូស ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានព្យាយាម ប្រឹងប្រែង ជាអ្នកភ្លេចស្មារតី ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានស្មារតីតម្កល់ខ្ជាប់ ជាអ្នកមានចិត្តមិនតម្កល់មាំ ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានចិត្តតម្កល់មាំ ជាអ្នកឥតបញ្ញា ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានបញ្ញា ជាអ្នកមិនទាន់អស់អាសវៈ ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកអស់អាសវៈ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាដ៏លាមក តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាដ៏លាមក។
ID: 637648300491487904
ទៅកាន់ទំព័រ៖