ព្រះត្រៃបិដក ភាគ ៨២
ការមិតពត់ជុំវិញ ការមិតពត់ឲ្យត្រង់ ការឈឺចាប់នៃកាយណា នេះហៅថា សេចក្តីមិតពត់។
[១១០] បណ្តាធម៌ទាំងនោះ សេចក្តីស្រវឹងព្រោះភត្ត តើដូចម្តេច។ បុគ្គលអ្នកបរិភោគ មានសេចក្តីជ្រប់ព្រោះភត្ត មានសេចក្តីលំបាកព្រោះភត្ត មានសេចក្តីហេលហល់ព្រោះភត្ត មានភាពនៃកាយមិនគួរដល់ការងារ (ព្រោះអាស្រ័យភត្ត) ណា នេះហៅថា សេចក្តីស្រវឹងព្រោះភត្ត។
[១១១] បណ្តាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្តេច។ ភាពនៃចិត្តមិនគួរ ភាពនៃចិត្តមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្តីលឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃសេចក្តីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។
[១១២] បណ្តាធម៌ទាំងនោះ ការកុហក តើដូចម្តេច។ ការប្រុងប្រៀបខាងដើម អាការប្រុងប្រៀប ការរៀបចំនូវឥរិយាបថ ការធ្វើមុខស្រពោន ការមានមុខស្រពោន ការធ្វើគេឲ្យស្ងើច អាការធ្វើគេឲ្យស្ងើច ភាពនៃសេចក្តីធ្វើគេឲ្យស្ងើច ដោយការសេពនូវបច្ច័យក្តី ដោយការខ្សឹបខ្សៀវក្តី របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងការសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការកុហក។
ID: 637648301353987361
ទៅកាន់ទំព័រ៖