ព្រះត្រៃបិដក ភាគ ៨២
ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ។
[១២៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាងគេនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ សេចក្តីឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ។
ID: 637648303115394149
ទៅកាន់ទំព័រ៖