ព្រះត្រៃបិដក ភាគ ៨២
សេចក្តីប្រកាន់ក្នុងវេទនា។បេ។ ក្នុងសញ្ញា។បេ។ ក្នុងសង្ខារទាំងឡាយ។បេ។ ក្នុងវិញ្ញាណថា អញមាន សេចក្តីពេញចិត្តក្នុងវិញ្ញាណថា អញមាន អនុស័យក្នុងវិញ្ញាណថា អញមាន ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ថា អញមាន។
[១៣៥] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ខុស តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅដោយការងារដ៏លាមកក្តី ដោយសិល្បសាស្រ្តដ៏លាមកក្តី ដោយទីតាំងនៃវិជ្ជាដ៏លាមកក្តី ដោយការចេះដឹងដ៏លាមកក្តី ដោយបញ្ញាដ៏លាមកក្តី ដោយសីលដ៏លាមកក្តី ដោយវត្តដ៏លាមកក្តី ដោយសីល និងវត្តដ៏លាមកក្តី ដោយទិដ្ឋិដ៏លាមកក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ខុស។
ID: 637648304862112367
ទៅកាន់ទំព័រ៖