ព្រះត្រៃបិដក ភាគ ៨២
[១៤៥] បណ្តាធម៌ទាំងនោះ សេចក្តីបិទបាំងទោសរបស់ខ្លួន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តម្កល់ទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះបិទបាំងនូវអំពើទុច្ចរិតនោះ ជាហេតុ ប្រាថ្នាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ត្រិះរិះថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ពោលវាចាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ខ្នះខ្នែងដោយកាយថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ការបិទបាំងទោសរបស់ខ្លួន ភាពនៃបុគ្គលបិទបាំងទោសរបស់ខ្លួន ការធ្វើនូវអំពើអាក្រក់ ហើយបិទបាំងទុកឲ្យកន្លងហួសទៅ ការបញ្ឆោត ការបោកប្រាស ការគេចកែ ការពង្វេះពង្វាង ការបិទបាំង ការលាក់បំពួន ការគ្របទុក ការគ្របលុប ការមិនធ្វើឲ្យច្បាស់ ការមិនធ្វើឲ្យប្រាកដ ការបិទបាំងខ្លាំង ការធ្វើនូវអំពើអាក្រក់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបិទបាំងទោសរបស់ខ្លួន។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកអួតអាងខ្លាំង ការអួតអាង អាការអួតអាង សេចក្តីអួតអាង សេចក្តីរឹងរូស អាការរឹងរូស អាការប៉ិនប្រសប់ សេចក្តីប៉ិនប្រសប់ មានក្នុងបុគ្គលនោះ ណា នេះហៅថា សេចក្តីអួតអាង។
ID: 637648306707963719
ទៅកាន់ទំព័រ៖