ព្រះត្រៃបិដក ភាគ ៨២
បណ្តាធម៌ទាំងនោះ សេចក្តីមិនស្លូតបូត តើដូចម្តេច។ ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា សេចក្តីមិនស្លូតបូត សូម្បីការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា សេចក្តីមិនស្លូតបូតដែរ។
[១៥៥] បណ្តាធម៌ទាំងនោះ សំដីមិនពីរោះ តើដូចម្តេច។ វាចាណា ជាវាចារដិបរដុប គ្រោតគ្រាត ហឺរ ក្តៅដល់ជនដទៃ ខ្ទាំងខ្ទប់ដល់ជនដទៃ ជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលពោលនូវវាចាមានសភាពដូច្នោះ ភាពនៃបុគ្គលមានវាចាមិនល្អិត ភាពនៃបុគ្គលមានវាចាមិនពីរោះ ភាពនៃបុគ្គលមានវាចាអាក្រក់ណា ក្នុងវាចានោះ នេះហៅថា សំដីមិនពីរោះ។ បណ្តាធម៌ទាំងនោះ ការមិនទទួលរាក់ទាក់ តើដូចម្តេច។ ការទទួលរាក់ទាក់មាន ២ យ៉ាង គឺការទទួលរាក់ទាក់ដោយអាមិសៈ ១ ការទទួលរាក់ទាក់ដោយធម៌ ១ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទទួលរាក់ទាក់ដោយអាមិសប្បដិសន្ថារៈក្តី ដោយធម្មប្បដិសន្ថារៈក្តី នេះហៅថា ការមិនទទួលរាក់ទាក់។
ID: 637648308402338670
ទៅកាន់ទំព័រ៖