ព្រះត្រៃបិដក ភាគ ៨២

 [១៥៦] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​អ្នក​មិន​គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បានឃើញ​នូវ​រូប​ដោយ​ចក្ខុ​ហើយ កាន់​យក​នូវ​និមិត្ត កាន់​យក​នូវ​អនុព្យញ្ជនៈ ឯអភិជ្ឈា និង​ទោមនស្ស ដែល​ជាអកុសល​ធម៌​ដ៏​លាមក តែង​គ្រប​សង្កត់​នូវ​បុគ្គល​ដែល​មិនបាន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​ណា ក៏​មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ មិន​រក្សា​នូវ​ចក្ខុន្រ្ទិយ មិនដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ បានឮ​នូវ​សំឡេង​ដោយ​ត្រចៀក​ហើយ។បេ។ បាន​ហិតក្លិន​ដោយ​ច្រមុះ​ហើយ។បេ។ បាន​ជញ្ជក់​ជញ្ជាប់​នូវ​រស​ដោយ​អណ្តាត​ហើយ។បេ។ បាន​ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ​ហើយ។បេ។ បានដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ហើយ កាន់​យក​នូវ​និមិត្ត កាន់​យក​នូវ​អនុព្យញ្ជនៈ ឯអភិជ្ឈា និង​ទោមនស្ស ដែល​ជាអកុសល​ធម៌​ដ៏​លាមក តែង​គ្រប​សង្កត់​នូវ​បុគ្គល​ដែល​មិនបាន​សង្រួម​នូវ​មនិន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​មនិន្រ្ទិយ​ណា ក៏​មិន​ប្រព្រឹត្ត ដើម្បី​សង្រួម​នូវ​មនិន្រ្ទិយ​នោះ មិន​រក្សា​នូវ​មនិន្រ្ទិយ មិនដល់​នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្រ្ទិយ ការ​មិន​បិទ ការ​មិន​គ្រប់គ្រង ការ​មិន​រក្សា ការ​មិន​សង្រួម​នូវ​ឥន្រ្ទិយ​ទាំង ៦ នេះ​ណា នេះ​ហៅថា ភាព​នៃ​អ្នក​មិន​គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637648308658276107
ទៅកាន់ទំព័រ៖