ព្រះត្រៃបិដក ភាគ ៨២

 បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ពិចារណា​ដោយ​ឧបាយ​នៃ​បញ្ញា តែង​លេប​នូវ​អាហារ ដើម្បី​លេង ដើម្បី​ស្រវឹង ដើម្បី​តាក់តែង ដើម្បី​ស្អិតស្អាង ភាព​នៃ​អ្នក​មិន​សន្តោស ភាព​នៃ​អ្នក​មិនដឹង​ប្រមាណ ការ​មិន​ពិចារណា​ភោជន ក្នុង​សេចក្តី​មិនដឹង​ប្រមាណ ក្នុង​ភោជន​នោះ​ណា នេះ​ហៅថា ភាព​នៃ​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន។
 [១៥៧] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​អ្នក​ភ្លេចស្មារតី តើ​ដូចម្តេច។ ការ​មិន​មានស្មារតី ការ​មិន​រឭក​ឃើញ ការ​មិន​នឹកឃើញ ការ​មិន​រឭក សេចក្តី​មិន​រឭក សេចក្តី​មិន​ចងចាំ សេចក្តី​ភ្លេចភ្លាំង សេចក្តី​វង្វេង​ណា នេះ​ហៅថា ភាព​នៃ​អ្នក​ភ្លេចស្មារតី។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​អ្នក​មិនដឹង​ខ្លួន តើ​ដូចម្តេច។ សេចក្តី​មិនដឹង សេចក្តី​មិន​យល់។បេ។ គន្លឹះ​គឺ​អវិជ្ជា សេចក្តី​វង្វេង ឫសគល់​នៃ​អកុសល​ណា នេះ​ហៅថា ភាព​នៃ​អ្នក​មិនដឹង​ខ្លួន។
 [១៥៨] បណ្តា​ធម៌​ទាំងនោះ វិបត្តិ​នៃ​សីល តើ​ដូចម្តេច។ ការប្រព្រឹត្តិ​កន្លង​ប្រកបដោយ​កាយ ការប្រព្រឹត្ត​កន្លង​ប្រកបដោយ​វាចា ការប្រព្រឹត្តិ​កន្លង​ប្រកបដោយ​កាយ និង​វាចា នេះ​ហៅថា វិបត្តិ​នៃ​សីល សូម្បី​ភាព​នៃ​ការ​ទ្រុស្តសីល​ទាំងអស់ ក៏​ឈ្មោះថា វិបត្តិ​នៃ​សីល​ដែរ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637648308963119769
ទៅកាន់ទំព័រ៖