ព្រះត្រៃបិដក ភាគ ៨២
កាយទុច្ចរិត តើដូចម្តេច។ ការសម្លាប់សត្វ ការកាន់យកទ្រព្យដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ នេះហៅថា កាយទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ វចីទុច្ចរិត តើដូចម្តេច។ ការពោលពាក្យកុហក វាចាញុះញង់ វាចាអាក្រក់ ការពោលពាក្យរោយរាយ នេះហៅថា វចីទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ មនោទុច្ចរិត តើដូចម្តេច។ ការសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ការគុំគួនគេ សេចក្តីយល់ខុស នេះហៅថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ កាយកម្មជាអកុសល ឈ្មោះថា កាយទុច្ចរិត។ វចីកម្មជាអកុសល ឈ្មោះថា វចីទុច្ចរិត។ មនោកម្មជាអកុសល ឈ្មោះថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយកម្មជាអកុសល តើដូចម្តេច។ អាការក្លែងដោយកាយ ជាអកុសល ឈ្មោះថា កាយកម្មជាអកុសល។ អាការក្លែងដោយវាចា ជាអកុសល ឈ្មោះថា វចីកម្មជាអកុសល។ អាការក្លែងដោយចិត្ត ជាអកុសល ឈ្មោះថា មនោកម្មជាអកុសល។ នេះ ទុច្ចរិត ៣។
ID: 637648310850307212
ទៅកាន់ទំព័រ៖