ព្រះត្រៃបិដក ភាគ ៨២

ពិចារណា​ឃើញ​នូវ​ខ្លួន ថា​មាន​រូប​ខ្លះ ពិចារណា​ឃើញ​នូវ​រូប ថា​មាន​ក្នុង​ខ្លួន​ខ្លះ ពិចារណា​ឃើញ​នូវ​ខ្លួន ថា​មាន​ក្នុង​រូប​ខ្លះ រមែង​ពិចារណា​ឃើញ​នូវ​វេទនា។បេ។ នូវ​សញ្ញា។បេ។ នូវ​សង្ខារ​ទាំងឡាយ។បេ។ នូវ​វិញ្ញាណ ថា​ជា​ខ្លួន ពិចារណា​ឃើញ​នូវ​ខ្លួន ថា​មានវិញ្ញាណ​ខ្លះ ពិចារណា​ឃើញ​នូវ​វិញ្ញាណ ថា​មាន​ក្នុង​ខ្លួន​ខ្លះ ពិចារណា​ឃើញ​នូវ​ខ្លួន ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សក្កា​យទិដ្ឋិ។ បណ្តា​សញ្ញោជនៈ​ទាំងនោះ វិចិកិច្ឆា តើ​ដូចម្តេច។ បុគ្គល​ងឿងឆ្ងល់ សង្ស័យ​ក្នុង​ព្រះ​សាស្តា ងឿងឆ្ងល់ សង្ស័យ​ក្នុង​ព្រះធម៌ ងឿងឆ្ងល់ សង្ស័យ​ក្នុង​ព្រះសង្ឃ ងឿងឆ្ងល់ សង្ស័យ​ក្នុង​សិក្ខា ងឿងឆ្ងល់ សង្ស័យ​ក្នុង​ទីបំផុត​ខាងដើម ងឿងឆ្ងល់ សង្ស័យ​ក្នុង​ទីបំផុត​ខាងចុង ងឿងឆ្ងល់ សង្ស័យ​ក្នុង​ទីបំផុត​ខាងដើម និង​ខាងចុង ងឿងឆ្ងល់ សង្ស័យ​ក្នុង​ធម៌​ទាំងឡាយ ដែល​កើតឡើង​អាស្រ័យ​នូវ​គ្នានឹងគ្នា ព្រោះ​ធម៌​នេះ​ជា​បច្ច័យ ការ​ងឿងឆ្ងល់ អាការ​ងឿងឆ្ងល់ ភាព​នៃ​សេចក្តី​ងឿងឆ្ងល់។បេ។ ភាព​នៃ​ចិត្តរឹង​ត្អឹង គំនូស​នៃ​ចិត្ត មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា វិចិកិច្ឆា។
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637648311300151075
ទៅកាន់ទំព័រ៖