ព្រះត្រៃបិដក ភាគ ៨២
បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងខ្លះ ថា លោកមិនទៀងខ្លះ។បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីត្រេកអរក្នុងកាម កាយកម្ម វចីកម្ម មនោកម្ម ជាអកុសលដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងកាមនោះ នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច។ សេចក្តីត្រេកអរក្នុងភព កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងភពនោះ នេះហៅថា ការស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ អន្តគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលកាន់យកនូវទីបំផុត) កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងអន្តគ្គាហិកទិដ្ឋិនោះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ នេះ ការស្វែងរក ៣។
ID: 637648312278432283
ទៅកាន់ទំព័រ៖