ព្រះត្រៃបិដក ភាគ ៨២
[១៧១] បណ្តាធម៌ទាំងនោះ ការឆ្មើងឆ្មៃ ៣ តើដូចម្តេច។ ការឆ្មើងឆ្មៃ ព្រោះតាំងខ្លួនថា អញប្រសើរជាងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញស្មើនឹងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញថោកទាបជាងគេ ១។ នេះ ការឆ្មើងឆ្មៃ ៣។
[១៧២] បណ្តាធម៌ទាំងនោះ ភ័យ ៣ តើដូចម្តេច។ ភ័យព្រោះជាតិ ១ ភ័យព្រោះជរា ១ ភ័យព្រោះមរណៈ ១។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជាតិ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជាតិ នេះហៅថា ភ័យព្រោះជាតិ។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជរា តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជរា នេះហៅថា ភ័យព្រោះជរា។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះមរណៈ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យមរណៈ នេះហៅថា ភ័យព្រោះមរណៈ។ នេះ ភ័យ ៣។
ID: 637648312590775979
ទៅកាន់ទំព័រ៖