ព្រះត្រៃបិដក ភាគ ៨២
ពួកសមណព្រាហ្មណ៍ ដែលបានធ្វើឲ្យជាក់ច្បាស់នូវលោកនេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួនហើយសំដែង មិនមានទេ នេះហៅថា សេចក្តីយល់ឃើញខុស។ សស្សតទិដ្ឋិ ឈ្មោះថា អស្សាទទិដ្ឋិ។ សក្កាយទិដ្ឋិ ឈ្មោះថា អត្តានុទិដ្ឋិ។ ឧច្ឆេទទិដ្ឋិ ឈ្មោះថា មិច្ឆាទិដ្ឋិ។
[១៨៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិនត្រេកអរ សេចក្តីមិនត្រេកអរ ការមិនរីករាយ សេចក្តីមិនរីករាយ សេចក្តីអផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ជាកុសលដ៏លើសលុបដទៃទៀតក្តី នេះហៅថា សេចក្តីមិនត្រេកអរ។ បណ្តាធម៌ទាំងនោះ សេចក្តីបៀតបៀន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងបៀតបៀននូវសត្វទាំងឡាយដោយវត្ថុណាមួយ គឺដៃក្តី ដុំដីក្តី ដំបងក្តី គ្រឿងសស្រ្តាក្តី ខ្សែក្តី ការធ្វើឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការប្រទូស្ត ការប្រទូស្តខ្លាំង ការបៀតបៀននូវសត្វដទៃ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបៀតបៀន។
ID: 637648313974213577
ទៅកាន់ទំព័រ៖