ព្រះត្រៃបិដក ភាគ ៨២

បណ្តា​ធម៌​ទាំងនោះ សញ្ញា​ផ្សេងៗ តើ​ដូចម្តេច។ សេចក្តី​សំគាល់​ក្នុង​កាម សេចក្តី​សំគាល់​ក្នុង​ព្យាបាទ សេចក្តី​សំគាល់​ក្នុង​ការបៀតបៀន នេះ​ហៅថា សញ្ញា​ផ្សេងៗ សូម្បី​សេចក្តី​សំគាល់​ក្នុង​អកុសល​ទាំងអស់ ក៏​ឈ្មោះថា សញ្ញា​ផ្សេងៗដែរ។
 [១៨៦] បណ្តា​ធម៌​ទាំងនោះ សេចក្តី​រាយមាយ តើ​ដូចម្តេច។ សេចក្តី​រាយមាយ​នៃ​ចិត្ត ការ​មិន​ស្ងប់​នៃ​ចិត្ត ការ​រវើរវាយ​នៃ​ចិត្ត សេចក្តី​ប្រែប្រួល​នៃ​ចិត្ត​ណា នេះ​ហៅថា សេចក្តី​រាយមាយ។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ខ្ជិល តើ​ដូចម្តេច។ ការ​បណ្តោយ​ចិត្ត ការ​ឲ្យកម្លាំង​ដល់​ការ​បណ្តោយ​ចិត្ត​ទៅ​ក្នុង​កាយទុច្ចរិត​ក្តី ក្នុង​វចីទុច្ចរិត​ក្តី ក្នុង​មនោ​ទុច្ចរិត​ក្តី ក្នុង​កាមគុណ​ទាំង ៥ ក្ដី ឬការ​ធ្វើ​ដោយ​មិន​គោរព ការ​ធ្វើ​មិន​រឿយៗ ការ​ធ្វើ​មិន​ខ្ជាប់ខ្ជួន ការប្រព្រឹត្តិ​ទំរន់ ការ​ដាក់ចុះ​នូវ​ឆន្ទៈ ការ​ដាក់ចុះ​នូវ​ធុរៈ ការ​មិន​គប់​រក ការ​មិន​អប់រំ ការ​មិន​ធ្វើឲ្យ​ច្រើន ការ​មិន​តាំង​មាំ ការ​មិន​ប្រក​បរឿយៗ ការ​ធ្វេសប្រហែស​ក្នុង​ការ​ចំរើន​នូវ​ធម៌​ជាកុសល នេះ​ហៅថា សេចក្តី​ខ្ជិល។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រមាទ តើ​ដូចម្តេច។ ការ​បណ្ដោយ​ចិត្ត ការ​ឲ្យកម្លាំង​ដល់​ការ​បណ្ដោយ​ចិត្ត​ទៅ​ក្នុង​កាយទុច្ចរិត​ក្តី ក្នុង​វចីទុច្ចរិត​ក្ដី ក្នុង​មនោ​ទុច្ចរិត​ក្ដី
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637648314451245300
ទៅកាន់ទំព័រ៖