ព្រះត្រៃបិដក ភាគ ៨២
ការមិនប្រាថ្នាដើម្បីឃើញ ការមិនប្រាថ្នាដើម្បីជួប ការមិនប្រាថ្នាដើម្បីទៅកាន់ទីជិត ការមិនប្រាថ្នាដើម្បីទៅជាមួយនឹងព្រះអរិយៈទាំងឡាយនេះណា នេះហៅថា សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ។ បណ្តាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ព្រះសទ្ធម្ម តើដូចម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះហៅថា ព្រះសទ្ធម្ម សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់ សេចក្ដីមិនប្រាថ្នាដើម្បីឮ សេចក្ដីមិនប្រាថ្នាដើម្បីរៀន សេចក្តីមិនប្រាថ្នាដើម្បីទ្រទ្រង់ នូវព្រះសទ្ធម្មនេះណា នេះហៅថា សេចក្តីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម។ បណ្ដាធម៌ទាំងនោះ ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង តើដូចម្ដេច។ បណ្តាធម៌ទាំងនោះ សេចក្ដីប្រណាំងប្រជែង តើដូចម្ដេច។ ការប្រណាំងប្រជែង ការប្រណាំងប្រជែងរឿយៗ អាការប្រណាំងប្រជែង អាការប្រណាំងប្រជែងរឿយៗ ភាពនៃសេចក្ដីប្រណាំងប្រជែងរឿយៗ ការឆ្មើងឆ្មៃ ការមើលងាយ ការពេបជ្រាយ ការស្វែងរកទោសណា នេះហៅថា ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង។
ID: 637648316034057208
ទៅកាន់ទំព័រ៖