ព្រះត្រៃបិដក ភាគ ៨២
រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារទាំងឡាយ។បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា អត្តវាទុបាទាន។ នេះ ឧបាទាន ៤។
[១៩៨] បណ្ដាធម៌ទាំងនោះ តណ្ហុបាទា ៤ តើដូចម្ដេច។ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃចីវរខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃបិណ្ឌបាតខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេនាសនៈខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេចក្ដីចំរើន និងសេចក្ដីវិនាសដូច្នេះៗខ្លះ នេះ តុណ្ហុបាទា ៤។
ID: 637648317634057699
ទៅកាន់ទំព័រ៖