ព្រះត្រៃបិដក ភាគ ៨២
[២១០] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្ដេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ នេះ សំយោជនៈជាចំណែកខាងក្រោម ៥។
[២១១] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្ដេច។ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ នេះ សំយោជនៈជាចំណែកខាងលើ ៥។
[២១២] បណ្ដាធម៌ទាំងនោះ មច្ឆរិយៈ ៥ តើដូចម្ដេច។ អាវាសមច្ឆរិយៈ ១ កុលមច្ឆរិយៈ ១ លាភមច្ឆរិយៈ ១ វណ្ណមច្ឆរិយៈ ១ ធម្មច្ឆរិយៈ ១ នេះ មច្ឆរិយៈ ៥។
[២១៣] បណ្ដាធម៌ទាំងនោះ កិលេសជាគ្រឿងចំពាក់ ៥ តើដូចម្ដេច។ កិលេសជាគ្រឿងចំពាក់គឺរាគៈ ១ កិលេសជាគ្រឿងចំពាក់គឺទោសៈ ១ កិលេសជាគ្រឿងចំពាក់គឺមោហៈ ១ កិលេសជាគ្រឿងចំពាក់គឺមានះ ១ កិលេសជាគ្រឿងចំពាក់គឺទិដ្ឋិ ១ នេះ កិលេសជាគ្រឿងចំពាក់ ៥។
[២១៤] បណ្ដាធម៌ទាំងនោះ សរ ៥ តើដូចម្ដេច។ សរគឺរាគៈ ១ សរគឺទោសៈ ១ សរគឺមោហៈ ១ សរគឺមានះ ១ សរគឺទិដ្ឋិ ១ នេះ សរ ៥។
ID: 637648318879525974
ទៅកាន់ទំព័រ៖