ព្រះត្រៃបិដក ភាគ ៨២
ផ្ដាច់បង់ព្រះអរហន្តចាកជីវិត ១ បុគ្គលមានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគត ឲ្យកើតឡើង ១ បំបែកសង្ឃ ១ នេះ អនន្តរិយកម្ម ៥។
[២១៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៥ តើដូចម្ដេច។ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមិនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួកប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្តីស្លាប់ ១ បុគ្គលមួយពួក បញ្ញត្តនូវសេចក្ដីដាច់សូន្យ សេចក្ដីវិនាស សេចក្ដីមិនចំរើនរបស់សត្វដែលកើតមាន ១ បុគ្គលមួយពួក ប្រកាសនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ១ នេះ ទិដ្ឋិ ៥។
[២២០] បណ្ដាធម៌ទាំងនោះ ពៀរ ៥ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុ មិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ នេះ ពៀរ ៥។
ID: 637648319649994968
ទៅកាន់ទំព័រ៖