ព្រះត្រៃបិដក ភាគ ៨២

ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើប​ខ្លួននេះ​ឈ្មោះថា ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត សមណព្រាហ្មណ៍​ពួក​មួយ បញ្ញត្ត​នូវ​សេចក្ដី​ដាច់​សូន្យ នូវ​សេចក្ដីវិនាស នូវ​សេចក្ដី​មិនកើត​ទៀត នៃ​សត្វ​ដែល​មាននៅ ដោយ​ប្រការ​ដូច្នេះ ១។ មាន​បុគ្គល​ដទៃ​ក្រៅអំពី​បុគ្គល​នោះ និយាយ​យ៉ាងនេះ​ថា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​និយាយ​ថា ខ្លួន​មាន​នុ៎ះ ក៏​មាន​មែន ឯខ្ញុំ​មិន​និយាយ​ថា ខ្លួន​នុ៎ះ​មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន តែថា​ខ្លួននេះ មិនមែន​ជាស​ភាវៈ​ដាច់​សូន្យ ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ ម្នាល​អ្នក​ដ៏​ចម្រើន មានខ្លួន​ដទៃ​ដែល​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ដោយសព្វគ្រប់ ហើយ​ចូល​ទៅកាន់​អា​កិ​ញ្ចញ្ញា​យត​នភព មាន​អារម្មណ៍​ថា អ្វី​តិចតួច ក៏​មិន​មាន​ដូច្នេះ អ្នក​មិនដឹង មិនឃើញ នូវ​ខ្លួន​នោះ​ឡើយ ឯខ្ញុំ​ទើប​ដឹង ទើប​ឃើញ​នូវ​ខ្លួន​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ខ្លួន​នោះ​ឯង លុះ​កាយ​បែកធ្លាយ​ទៅ​កាលណា រមែង​ដាច់​សូន្យ រមែង​វិនាស ខាងមុខ​អំពី​សេចក្ដីស្លាប់​ទៅ មិនកើត​ទៀត​ឡើយ ម្នាល​អ្នក​ដ៏​ចម្រើន ខ្លួននេះ ឈ្មោះថា ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង សមណព្រាហ្មណ៍​ពួក​មួយ បញ្ញត្ត​នូវ​សេចក្ដី​សូន្យ នូវ​សេចក្ដីវិនាស នូវ​សេចក្ដី​មិនកើត​ទៀត នៃ​សត្វ​ដែល​មាននៅ ដោយ​ប្រការ​ដូច្នេះ ១។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637649144565019733
ទៅកាន់ទំព័រ៖