ព្រះត្រៃបិដក ភាគ ៨២

អាត្មាអញ កាលដែល​ដើរទៅ​កាន់​ស្រុក ឬនិគម​ក្ដី ដើម្បី​បិណ្ឌបាត មិនបាន​ភោជន​ដ៏​សៅហ្មង ឬថ្លៃថ្លា ឲ្យ​បរិបូណ៌​ដរាបដល់​ឆ្អែត​សោះ កាយ​របស់​អាត្មាអញ​នោះ លំបាកទៅ​ហើយ ធ្វើការងារ​មិនកើត​ទេ បើ​ដូច្នោះ មានតែ​អាត្មាអញ​ដេក​សិន ភិក្ខុ​នោះ​ក៏​ដេក មិន​ប្រារព្ធ​ព្យាយាម ដើម្បី​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិនទាន់​ដល់ ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​ដែល​ខ្លួន​មិនទាន់​ត្រាស់​ដឹង ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់ នេះ កុសី​តវត្ថុ​ទី ៥។ មួយទៀត ភិក្ខុ​ដើរទៅ​កាន់​ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត បាន​ភោជន​ដ៏​សៅហ្មង ឬថ្លៃថ្លា បរិបូណ៌​ដរាបដល់​ឆ្អែត ភិក្ខុ​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា អាត្មាអញ កាលដែល​ដើរទៅ​កាន់​ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត បាន​ភោជន​ដ៏​សៅហ្មង ឬថ្លៃថ្លា​បរិបូណ៌ ដរាបដល់​ឆ្អែត​ដែរ​ហើយ តែ​កាយ​របស់​អាត្មាអញ​នោះ​ធ្ងន់ ធ្វើការងារ​មិនកើត ទំនង​ដូចជា​សណ្តែក​ដែល​ត្រូវ​ទឹក បើ​ដូច្នោះ មានតែ​អាត្មាអញ​ដេក​សិន ភិក្ខុ​នោះ ក៏​ដេក មិន​ប្រារព្ធ​ព្យាយាម ដើម្បី​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិនទាន់​ដល់ ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​ដែល​ខ្លួន​មិនទាន់​បាន​ត្រាស់​ដឹង ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់ នេះ កុសី​តវត្ថុ​ទី ៦។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637649145470176091
ទៅកាន់ទំព័រ៖