ព្រះត្រៃបិដក ភាគ ៨២

 [២៧០] ចុះ​តណ្ហា​វិច​រិត​ថា អញ​មាន​យ៉ាងនេះ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ​ថា បុគ្គល​នោះ​ជា​ក្ស័ត្រយ៉ា​ងណា អញ​ក៏​ជា​ក្ស័ត្រយ៉ា​ងនោះ​ដែរ ឬថា បុគ្គល​នោះ​ជា​ព្រាហ្មណ៍​យ៉ាងណា អញ​ក៏​ជា​ព្រាហ្មណ៍​យ៉ាងនោះ​ដែរ ថា​បុគ្គល​នោះ ជា​អ្នកជំនួញ​យ៉ាងណា អញ​ក៏​ជា​អ្នកជំនួញ​យ៉ាងនោះ​ដែរ ឬថា បុគ្គល​នោះ​ជា​អ្នក​គ្រួ​យ៉ាងណា អញ​ក៏​ជា​អ្នក​គ្រួ​យ៉ាងនោះ​ដែរ ថា បុគ្គល​នោះ ជា​គ្រហស្ថ​យ៉ាងណា អញ​ក៏​ជា​គ្រហស្ថ​យ៉ាងនោះ​ដែរ ឬថា បុគ្គល​នោះ ជា​បព្វជិត​យ៉ាងណា អញ​ក៏​ជា​បព្វជិត​យ៉ាងនោះ​ដែរ ថា បុគ្គល​នោះ​ជា​ទេវតា​យ៉ាងណា អញ​ក៏​ជា​ទេវតា​យ៉ាងនោះ​ដែរ ឬថា បុគ្គល​នោះ ជា​មនុស្ស​យ៉ាងណា អញ​ក៏​ជា​មនុស្ស​យ៉ាងនោះ​ដែរ ថា បុគ្គល​នោះ មាន​រូប​យ៉ាងណា អញ​ក៏​មាន​រូប​យ៉ាងនោះ​ដែរ ឬថា បុគ្គល​នោះ​មិន​មាន​រូប​យ៉ាងណា អញ​ក៏​មិន​មាន​រូប​យ៉ាងនោះ​ដែរ ថា បុគ្គល​នោះ​មាន​សញ្ញា​យ៉ាងណា អញ​ក៏​មាន​សញ្ញា​យ៉ាងនោះ​ដែរ ឬថា បុគ្គល​នោះ​មិន​មាន​សញ្ញា​យ៉ាងណា អញ​ក៏​មិន​មាន​សញ្ញា​យ៉ាងនោះ​ដែរ ថា បុគ្គល​នោះ​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន​យ៉ាងណា អញ​ជា​បុគ្គល​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន​យ៉ាងនោះ​ដែរ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​មាន​យ៉ាងនេះ។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637649157259238532
ទៅកាន់ទំព័រ៖