ព្រះត្រៃបិដក ភាគ ៨២
[២៩០] ចុះតណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះទេ ឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះទេ។បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[២៩១] ចុះតណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញនឹងមានដោយហេតុនេះ បាននូវមានះថា អញនឹងមាន ដោយហេតុនេះ បាននូវទិដ្ឋិថា អញនឹងមានដោយហេតុនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអញនឹងមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
ID: 637649160672363523
ទៅកាន់ទំព័រ៖