ព្រះត្រៃបិដក ភាគ ៨២
សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
[២០] បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាចក្ខុវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូបអាស្រ័យនឹងគ្នា ហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា
ID: 637648271835237857
ទៅកាន់ទំព័រ៖