ព្រះត្រៃបិដក ភាគ ៨២
នេះអាយតនៈ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ អាយតនៈ ៧ គឺ រូបាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃសត្វដេកក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ អាយតនៈ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ១១ គឺ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។
ID: 637649169111113552
ទៅកាន់ទំព័រ៖