ព្រះត្រៃបិដក ភាគ ៨២
ចុះធាតុ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ៩ គឺ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ៧ គឺ រូបធាតុ ១ គន្ធធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃសត្វដេកក្នុងគក៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។
ID: 637649169539238543
ទៅកាន់ទំព័រ៖