ព្រះត្រៃបិដក ភាគ ៨២
(ចុះបើ) រាប់ជាឆ្នាំមនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩០០ កោដិផង ២១ កោដិផង ៦ លានឆ្នាំផង។
ពួកទេវតា ដែលឋិតនៅក្នុងកាមាវចរសួគ៌ទាំង ៦ ជាន់នោះ ជាអ្នកសម្រេចនូវកាមទាំងពួង។ អាយុរបស់ពួកទេវតាទាំងអស់ ដែលបណ្ឌិត រាប់ដោយរួបរួម តើប៉ុន្មានឆ្នាំ ១២ រយកោដិផង ២៨ កោដិផង ៥ សែនឆ្នាំផង ជាអាយុរបស់ទេវតាទាំងនោះ ដែលបណ្ឌិត ប្រកាសហើយ ដោយទីបំផុតនៃឆ្នាំ។
[៣៤១] ចុះបុគ្គលចំរើនបឋមជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើនបឋមមជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹងពួកទេវតាជាន់ព្រហ្មបារិសជ្ជៈ។ ចុះប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ កប្ប ១ ចែកជា ៣ ភាគ ឬ ៤ ភាគ (យកមួយភាគ ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនបឋមជ្ឈាន យ៉ាងកណ្តាល តើកើតក្នុងទីណា។ បុគ្គលចំរើនបឋមជ្ឈាន យ៉ាងកណ្ដាល កើតជាមួយនឹងពួកទេវតាជាន់ព្រហ្មបរោហិត។ ចុះប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ ពាក់កណ្ដាលកប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។
ID: 637649174864395113
ទៅកាន់ទំព័រ៖