ព្រះត្រៃបិដក ភាគ ៨២
បុគ្គលចំរើនតតិយជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹងពួកទេវតាជាន់បរិត្តសុភៈ។ ចុះប្រមាណនៃអាយុរបស់ទេវតា ជាន់នោះ តើប៉ុន្មាន។ ១៦ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្ដាល តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្តាល កើតជាមួយនឹងពួកទេវតាជាន់អប្បមាណសុភៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៣២ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈានជាន់ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈានជាន់ខ្ពស់ កើតជាមួយនឹងពួកទេវតាជាន់សុភកិណ្ណៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៦៤ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ បុគ្គលចំរើនចតុត្ថជ្ឈាន ព្រោះមានអារម្មណ៍ផ្សេងគ្នា ព្រោះមានមនសិការផ្សេងគ្នា ព្រោះមានឆន្ទៈផ្សេងគ្នា ព្រោះមានបណិធិ (ការតម្កល់) ផ្សេងគ្នា ព្រោះមានអធិមោក្ខ (ការចុះចិត្ត) ផ្សេងគ្នា ព្រោះមានអភិនីហារ (ការកសាង) ផ្សេងគ្នា ព្រោះមានបញ្ញាផ្សេងគ្នា ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អសញ្ញសត្វ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់វេហប្ផលៈ
ID: 637649175244707244
ទៅកាន់ទំព័រ៖