ព្រះត្រៃបិដក ភាគ ៨២
សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណជាអារម្មណ៍ ក្នុងសម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាកុសល ជាវិបាក ព្រោះកម្មជារូបាវចរកុសលនោះ ដែលបុគ្គលធ្វើហើយ សន្សំហើយ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ក្នុងសម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា
ID: 637648273329144031
ទៅកាន់ទំព័រ៖