ព្រះត្រៃបិដក ភាគ ៨២

ការ​វៀរ​ស្រឡះ ការ​បណ្តេញ​នូវ​ពៀរ ចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ បាន​ដល់​ការ​មិន​ធ្វើ ការ​មិន​សាង ការ​មិន​ល្មើស ការ​មិន​ប្រព្រឹត្តិ​កន្លង​វេលា ការ​សម្លាប់​ហេតុ​ណា របស់​បុគ្គល​ដែល​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា​ជាហេតុ​វៀរ។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ កើតឡើង ក្នុង​សម័យ​នោះ ការ​គិត អាការ​គិត សេចក្តី​គិត​ណា របស់​បុគ្គល​ដែល​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ តើ​ដូចម្តេច។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637648265887247540
ទៅកាន់ទំព័រ៖