ព្រះត្រៃបិដក ភាគ ៨២

បញ្ញា​ជា​រូបាវចរ និង​បញ្ញា​មិនមែន​ជា​រូបាវចរ បញ្ញា​ជា​អរូបាវចរ និង​បញ្ញា​មិនមែន​ជា​អរូបាវចរ បញ្ញា​ជា​បរិ​យា​បន្នៈ និង​បញ្ញា​ជា​អប​រិយា​បន្នៈ បញ្ញា​ជា​និយ្យានិកៈ និង​បញ្ញា​ជា​អនិយ្យានិកៈ បញ្ញា​ទៀង និង​បញ្ញា​មិន​ទៀង បញ្ញា​ប្រកបដោយ​ឧត្តរៈ និង​បញ្ញា​មិនមែន​ជា​ឧត្តរៈ បញ្ញា​ញ៉ាំង​ប្រយោជន៍ឲ្យ​កើត និង​បញ្ញា​មានប្រយោជន៍​កើត​ហើយ ញាណ​វត្ថុ​មាន ប្រការ ២ យ៉ាងនេះ​ឯង។
 [៣១] ញាណ​វត្ថុ មាន ៣ គឺ ចិន្តា​មយប្បញ្ញា (បញ្ញា​សម្រេច​ដោយ​ការ​គិត) សុតា​មយប្បញ្ញា (បញ្ញា​សម្រេច​ដោយ​ការ​ស្តាប់) និង​ភាវនា​មយប្បញ្ញា (បញ្ញា​សម្រេច​ដោយ​ការ​ចំរើន) ទាន​មយប្បញ្ញា (បញ្ញា​សម្រេច​ដោយ​ទាន) សីល​មយប្បញ្ញា (បញ្ញា​សម្រេច​ដោយ​សីល) និង​ភាវនា​មយប្បញ្ញា (បញ្ញា​សម្រេច​ដោយ​ភាវនា) បញ្ញា​ក្នុង​អធិសីល បញ្ញា​ក្នុង​អធិចិត្ត និង​បញ្ញា​ក្នុង​អធិប្បញ្ញា សេចក្តី​ឆ្លាស​ក្នុង​ការ​ចំរើន សេចក្តី​ឆ្លាស​ក្នុង​ការ​មិន​ចំរើន និង​សេចក្តី​ឆ្លាស​ក្នុង​ឧបាយ។ បញ្ញា​ជា​វិបាក បញ្ញា​មាន​វិបាក​ធម៌​ជាប្រក្រតី និង​បញ្ញា​មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី បញ្ញា​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន បញ្ញា​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637648278424924897
ទៅកាន់ទំព័រ៖