ព្រះត្រៃបិដក ភាគ ៨២
ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុនេះឯង ជាតថាគតពលៈ (ទី ២) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅ (កាន់សុគតិ និងទុគ្គតិ) ក្នុងទីទាំងពួង ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់តាមពិតនូវបដិបទាជាដំណើរទៅកាន់សុគតិ និងទុគ្គតិក្នុងទីទាំងពួងនេះឯង ជាតថាគតពលៈ (ទី ៣) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា ត្រង់ដែលតថាគតជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នានេះឯង ជាតថាគតពលៈ (ទី ៤) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។
ID: 637648280676487481
ទៅកាន់ទំព័រ៖