ព្រះត្រៃបិដក ភាគ ៨២
នេះឯង ជាតថាគតពលៈ (ទី ១០) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ តថាគតពលៈទាំង ១០ នេះ របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតប្រកបហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ញាណវត្ថុមានប្រការ ១០ យ៉ាងនេះឯង។
ចប់ មាតិកា។
[៣៥] វិញ្ញាណ ៥ មិនមែនហេតុ មិនមានហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង ជាអរូប ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់នូវសេចក្តីសៅហ្មង ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយវិតក្កៈ តែប្រកបដោយវិចារៈ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ
ID: 637648281342894398
ទៅកាន់ទំព័រ៖