ព្រះត្រៃបិដក ភាគ ៨២
បញ្ញាសម្បយុត្តដោយវិតក្កៈ ឈ្មោះថា បញ្ញាប្រកបដោយវិតក្កៈ បញ្ញាប្រាសចាកវិតក្កៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ។ បញ្ញាសម្បយុត្តដោយវិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិចារៈ បញ្ញាប្រាសចាកវិចារៈ ឈ្មោះថា បញ្ញាមិនមានវិចារៈ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាប្រកបដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនមានបីតិ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនកើតព្រមដោយបីតិ។ បញ្ញាសម្បយុត្តដោយសុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាប្រាសចាកសុខ ឈ្មោះថា បញ្ញាមិនកើតព្រមដោយសុខ។ បញ្ញាសម្បយុត្តដោយឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាប្រាសចាកឧបេក្ខា ឈ្មោះថា បញ្ញាមិនកើតព្រមដោយឧបេក្ខា។ បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ ឯបញ្ញាជារូបាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាកាមាវចរទេ។ បញ្ញាក្នុងរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជារូបាវចរទេ។
ID: 637648284164456071
ទៅកាន់ទំព័រ៖