ព្រះត្រៃបិដក ភាគ ៨២
កាលញ៉ាំងអភិញ្ញាឲ្យកើតឡើង កាលញ៉ាំងសមាបត្តិឲ្យកើតឡើង ឈ្មោះថា បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត បញ្ញាជាកិរិយាអព្យាក្រឹត ក្នុងអភិញ្ញាដែលកើតហើយ ក្នុងសមាបត្តិដែលកើតហើយ របស់ព្រះអរហន្ត ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានប្រយោជន៍កើតហើយ។
ញាណវត្ថុ មានប្រការ ២ យ៉ាងនេះឯង។
[៣៨] បណ្តាបញ្ញាទាំងនោះ ចិន្តាមយប្បញ្ញា តើដូចម្តេច។ បុគ្គលមិនបានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់បុគ្គលដទៃទេ តែបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យឃើញ នូវការចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយបញ្ញាក្តី ក្នុងសិល្បសាស្រ្ត ប្រកបដោយឧបាយបញ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយបញ្ញាក្តី ថាសត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា ចិន្តាមយប្បញ្ញា។
ID: 637648284754612455
ទៅកាន់ទំព័រ៖