ព្រះត្រៃបិដក ភាគ ៨២
[៤២] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាជាវិបាក បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានវិបាកធម៌ជាប្រក្រតី បញ្ញាក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។
[៤៣] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។
[៤៤] បញ្ញាសម្បយុត្តដោយវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ បញ្ញាប្រាសចាកវិតក្កៈ តែសម្បយុត្តដោយវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ បញ្ញាប្រាសចាកវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ។
ID: 637648285737112772
ទៅកាន់ទំព័រ៖