ព្រះត្រៃបិដក ភាគ ៨២

 [៤៥] បញ្ញា​សម្បយុត្ត​ដោយ​បីតិ ឈ្មោះថា បញ្ញា​កើត​ព្រមដោយ​បីតិ បញ្ញា​សម្បយុត្ត​ដោយ​សុខ ឈ្មោះថា បញ្ញា​កើត​ព្រមដោយ​សុខ បញ្ញា​សម្បយុត្ត​ដោយ​ឧបេក្ខា ឈ្មោះថា បញ្ញា​កើត​ព្រមដោយ​ឧបេក្ខា។
 [៤៦] បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ដល់​នូវ​ការ​សន្សំ (កម្ម​ក្កិ​លេស) បញ្ញា​ក្នុង​មគ្គ ៤ ឈ្មោះថា បញ្ញា​ដល់​នូវ​ការ​មិន​សន្សំ បញ្ញា​ក្នុង​វិបាក ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៤ និង​ក្នុង​កិរិយា​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ។
 [៤៧] បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៣ ឈ្មោះថា បញ្ញា​ជា​របស់​សេក្ខបុគ្គល បញ្ញា​ក្នុង​អរហត្តផល​ជាន់លើ ឈ្មោះថា បញ្ញា​ជា​របស់​អសេក្ខ​បុគ្គល បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ក្នុង​វិបាក ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ក្នុង​កិរិយា​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល។
 [៤៨] បញ្ញា​ក្នុង​កាមាវចរ​កុសល និង​អព្យាក្រឹត ឈ្មោះថា បញ្ញា​តូចឆ្មារ បញ្ញា​ក្នុង​រូបាវចរ​កុសល អរូបាវចរ​កុសល និង​អព្យាក្រឹត ឈ្មោះថា បញ្ញា​មាន​សភាព​ធំ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​មាន​ប្រមាណ​មិនបាន។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637648286076487353
ទៅកាន់ទំព័រ៖