ព្រះត្រៃបិដក ភាគ ៨២
អភិធម្មបិដក
វិភង្គ តតិយភាគ
----
សិក្ខាបទវិភង្គ
[១] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។
[២] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ
ID: 637648262442872532
ទៅកាន់ទំព័រ៖