ព្រះត្រៃបិដក ភាគ ៨២

 [១៤៣] បណ្តា​ធម៌​ទាំងនោះ សេចក្តី​លុបគុណ តើ​ដូចម្តេច។ ការ​លុបគុណ អាការ​លុបគុណ ភាព​នៃ​សេចក្តី​លុបគុណ សេចក្តី​វេ​ឃ្នើ​គុណ ការ​ធ្វើ​នូវ​សេចក្តី​វេ​ឃ្នើ​គុណ​ណា នេះ​ហៅថា សេចក្តី​លុបគុណ។ បណ្តា​ធម៌​ទាំងនោះ ការ​វាយឫក​ស្មើ តើ​ដូចម្តេច។ ការ​លើកខ្លួន​ផ្ទឹម អាការ​លើកខ្លួន​ផ្ទឹម ភាព​នៃ​សេចក្តី​លើកខ្លួន​ផ្ទឹម ការ​ប្រណាំង​វាសនា ហេតុ​នៃ​សេចក្តី​វិវាទ ការ​ប្រកាន់​ជាគូ ការ​មិន​លះបង់​ណា នេះ​ហៅថា ការ​វាយឫក​ស្មើ។
 [១៤៤] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ច្រណែន តើ​ដូចម្តេច។ ការ​ច្រណែន អាការ​ច្រណែន ភាព​នៃ​សេចក្តី​ច្រណែន ការ​ឈ្នានីស អាការ​ឈ្នានីស ភាព​នៃ​សេចក្តី​ឈ្នានីស​ណា ក្នុង​លាភសក្ការៈ សេចក្តី​គោរព ការរាប់​អាន ការថ្វាយបង្គំ និង​ការ​បូជា​របស់​ជន​ដទៃ នេះ​ហៅថា សេចក្តី​ច្រណែន។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​កំណាញ់ តើ​ដូចម្តេច។ សេចក្តី​កំណាញ់ ៥ យ៉ាង គឺ​កំណាញ់​អាវាស ១ កំណាញ់​ត្រកូល ១ កំណាញ់​លាភ ១ កំណាញ់​សេចក្តី​សរសើរ ១ កំណាញ់​ធម៌ ១ ការ​កំណាញ់ អាការ​កំណាញ់ ភាព​នៃ​សេចក្តី​កំណាញ់ សេចក្តី​ប្រា​ថ្នា​ផ្សេងៗ សេចក្តី​កំណាញ់​រឹង សេចក្តី​កំណាញ់ស្វិត ភាព​នៃ​ចិត្ត​មិន​យកចិត្តគេ មាន​សភាព​យ៉ាងនេះ ណា នេះ​ហៅថា សេចក្តី​កំណាញ់។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637648306503432251
ទៅកាន់ទំព័រ៖