ព្រះត្រៃបិដក ភាគ ៨២
[១៩៥] បណ្ដាធម៌ទាំងនោះ អាសវៈ ៤ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។ បណ្ដាអាសវៈទាំង ៤ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាកាម ក្នុងកាមទាំងឡាយ។បេ។ ការងុលងប់ក្នុងកាមណា នេះហៅថា កាមាសវៈ។ បណ្ដាអាសវៈទាំង ៤ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ។បេ។ ការងុលងប់ក្នុងភពណា នេះហៅថា ភវាសវៈ។ បណ្ដាអាសវៈទាំង ៤ នោះ ទិដ្ឋាសវៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ ការប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងក្តី។បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី នេះហៅថា ទិដ្ឋាសវៈ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា ទិដ្ឋាសវៈ។ បណ្ដាអាសវៈទាំង ៤ នោះ អវិជ្ជាសវៈ តើដូចម្ដេច។ ការមិនដឹងក្នុងទុក្ខ។បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៤។
ID: 637648316746245022
ទៅកាន់ទំព័រ៖