ព្រះត្រៃបិដក ភាគ ៨២

កាល​ញ៉ាំង​អភិញ្ញា​ឲ្យ​កើតឡើង កាល​ញ៉ាំង​សមាបត្តិ​ឲ្យ​កើតឡើង ឈ្មោះថា បញ្ញា​ញ៉ាំង​ប្រយោជន៍ឲ្យ​កើត បញ្ញា​ជា​កិរិយា​អព្យាក្រឹត ក្នុង​អភិញ្ញា​ដែល​កើត​ហើយ ក្នុង​សមាបត្តិ​ដែល​កើត​ហើយ របស់​ព្រះអរហន្ត ក្នុង​វិបាក ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៤ ឈ្មោះថា បញ្ញា​មានប្រយោជន៍​កើត​ហើយ។
ញាណ​វត្ថុ មាន​ប្រការ ២ យ៉ាងនេះ​ឯង។
 [៣៨] បណ្តា​បញ្ញា​ទាំងនោះ ចិន្តា​មយប្បញ្ញា តើ​ដូចម្តេច។ បុគ្គល​មិនបាន​ស្តាប់ (នូវ​ពាក្យ​ពន្យល់) អំពីសំណាក់​បុគ្គល​ដទៃ​ទេ តែ​បាន​នូវ​សេចក្តី​គាប់ចិត្ត នូវ​សេចក្តី​យល់ឃើញ នូវ​សេចក្តី​ពេញចិត្ត នូវ​ការឈ្វេងយល់ នូវ​សេចក្តី​ពិនិត្យ​ឃើញ នូវ​ការ​ចូលចិត្ត​ក្នុង​ការ​សំឡឹង​មើល​នូវ​ធម៌ ដ៏​សមគួរ​ណា យ៉ាងនេះ ក្នុង​ការងារ​ប្រកបដោយ​ឧបាយ​បញ្ញា​ក្តី ក្នុង​សិល្ប​សាស្រ្ត ប្រកបដោយ​ឧបាយ​បញ្ញា​ក្តី ក្នុង​វិជ្ជាស្ថាន ប្រកបដោយ​ឧបាយ​បញ្ញា​ក្តី ថា​សត្វ​មានកម្ម​ជា​របស់​ខ្លួន​ក្តី ថា​សត្វ​ប្រព្រឹត្តទៅ​តាម​មគ្គសច្ច​ក្តី ថា​រូប​មិន​ទៀង​ក្តី ថា​វេទនា​មិន​ទៀង​ក្តី ថា​សញ្ញា​មិន​ទៀង​ក្តី ថា​សង្ខារ​ទាំងឡាយ​មិន​ទៀង​ក្តី ថា​វិញ្ញាណ​មិន​ទៀង​ក្តី នេះ​ហៅថា ចិន្តា​មយប្បញ្ញា។
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637648284754612455
ទៅកាន់ទំព័រ៖