ព្រះត្រៃបិដក ភាគ ៨៣
[៣៨៧] ពួកធម៌ណា ប្រាសចាកធម៌ជាលោកុត្តរ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
[៣៨៨] ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៨៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
ID: 637651706392156101
ទៅកាន់ទំព័រ៖